Monday, August 20, 2012

កូរ៉េ​ខាងត្បូង​សម្ពោធ​ស្ដូប​អនុ​ស្សាវ​រី​យ៍​នៅ​លើ​កោះ​ដែល​មាន​វិវាទ​ជា​មួយ​ជប៉ុន​

​សារព័ត៌មាន​ក្យូ​ដូ​បាន​ផ្សព្វផ្សាយ​ថា​ កាលពី​ថ្ងៃ​ទី​១៩ ​ខែសីហា​ កូរ៉េ​ខាងត្បូង​បាន​សម្ពោធ​ស្ដូប​អនុស្សាវរីយ៍​នៅ​លើ​កោះ​ដុក​ដូ​ ដែល​ជប៉ុន​ហៅ​ថា​កោះ​តា​ កេ​ស៊ី​ម៉ា​ ដែល​កំពុង​មាន​វិវាទ​យ៉ាង​ខ្លាំង​នោះ​ ។​ បច្ចុប្បន្ន​ប្រជុំ​កោះ​ទាំងនោះ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ទីក្រុង​សេ​អ៊ូ​ល​ ហើយ​ស្ដូប​អនុស្សាវរីយ៍​នោះ​ដើម្បី​រំលឹក​ ដល់​ប្រជាធិបតី​ លី​ ម្យ៉ុ​ង​បាក់​ ទស្សនកិច្ច​ទៅ​កាន់​ប្រជុំ​កោះ​នោះ​នា​ថ្ងៃ​ទី​១០​ខែសីហា​។​
​ស្ដូប​អនុស្សាវរីយ៍​ធ្វើ​ពី​ថ្ម​ មាន​កម្ពស់​ ១,២​ម៉ែត្រ​ បាន​ដាក់​នៅ​មុខ​អគារ​កម្លាំង​សន្ដិសុខ​កូរ៉េ​ខាងត្បូង​នៅ​លើ​កោះ​ដុក​ដូ​ ។​ នៅ​ក្នុង​ការ​សម្ពោធ​នោះ​ ក៏​មាន​រដ្ឋមន្ដ្រី​សន្ដិសុខ​ លោក​ Maeng​ Hyung​ Kyu​ ចូលរួម​ផង​ដែរ​ ។​
​លោក​រដ្ឋមន្ដ្រី​ Maeng​ Hyung​ Kyu​ មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​នោះ​ ថា​ ស្ដូប​អនុស្សាវរីយ៍​នេះ​នឹង​ក្លាយទៅជា​ តំណាង​អធិបតេយ្យភាព​របស់​កូរ៉េ​ខាង​ ត្បូង​នៅ​លើ​ប្រជុំ​កោះ​នោះ​ នឹង​ជា​តំណាង​នៃ​ស្មារតី​ការពារ​ប្រជុំ​កោះ​ដុក​ដូ​ ។​​ភ្លាមៗ​នោះ​ អគ្គរាជទូត​ជប៉ុន​ប្រចាំ​ នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​ផ្លើ​លិខិត​ជំទាស់​ ទៅ​កាន់​ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​ ប្រឆាំង​ទៅ​នឹង​ការ​សម្ពោធ​បង្គោល​ស្ដូប​អនុស្សាវរីយ៍​នោះ​ ។​
​តំណាង​ទស្សនកិច្ច​ជា​ប្រវត្ដិសាស្ដ្រ​ របស់​ប្រធានាធិបតី​ លី​ ម្យ៉ុ​ង​បាក់​ ទៅ​កាន់​ប្រជុំ​កោះ​ដុក​ដូ​​ ជា​ចំណុច​ចាប់ផ្ដើម​បង្ក​ឱ្យ​មាន​វិវាទ​កាន់តែ​ខ្លាំង​ឡើង​រវាងរ​ដ្ឋា​ភិ​ បាល​ទីក្រុង​តូ​ក្យូ​និង​ទីក្រុង​សេ​អ៊ូ​ល​ ។​ ទីក្រុង​តូ​ក្យូ​ក៏​បាន​សម្រេច​កោះហៅ​មន្ដ្រី​ស្ថាន​ ទូត​របស់​ខ្លួន​នៅ​ទីក្រុង​សេ​អ៊ូ​ល​ត្រឡប់​ មក​ស្រុក​វិញ​ ។​ ទន្ទឹម​នឹង​នោះ​ក៏​បាន​ សម្រេច​ផ្អាក​រាល់​កម្មវិធី​ពិភាក្សា​រវាង​ ប្រទេស​ទាំង​២​ផង​ដែរ​ ។​
​ពាក់ព័ន្ធ​នឹង​វិវាទ​រវាង​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​នោះ​ រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​បាន​ ស្នើ​ដល់​កូរ៉េ​ខាងត្បូង​លើកយក​វិវាទ​ទាំង​ នោះ​ទៅ​ដោះស្រាយ​នៅ​ក្នុង​តុលាការ​យុ​ត្ដិ​ធម៌​អន្ដរជាតិ​(ICJ)​ ប៉ុន្ដែ​ភាគី​កូរ៉េ​ខាង​ត្បូង​មិន​ឯកភាព​នោះ​ឡើយ​ ដោយសារ​តែ​ប្រជុំ​កោះ​ទាំងនោះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ទីក្រុង​សេ​អ៊ូ​ល​ជា​យូរ​មក​ហើយ​ ៕