Monday, August 20, 2012

ពលរដ្ឋ​ជប៉ុន​១៥០​នាក់​ទៅ​កាន់​ប្រជុំ​កោះ​ដែល​មាន​វិវាទ​ជាមួយ​ចិន​

​ក្រុម​សកម្មជន​និង​តំណាងរាស្ដ្រ​ជប៉ុន​ កាលពី​ថ្ងៃ​ទី​១៩ ​ខែសីហា​ បាន​ទៅ​កាន់​ប្រជុំ​កោះ​ដែល​មាន​វិវាទ​ជាមួយ​ចិន​ ធ្វើ​ឱ្យ​មានការ​ក្រោកឈរ​ឡើង​បាតុកម្ម​ជា​ច្រើន​ពី​ពល​ដ្ឋ​ចិន​ ។​ ​សារព័ត៌មាន​ AFP​ បាន​ផ្សព្វផ្សាយ​ថា​ មាន​នាវា​ប្រមាណ​២០​គ្រឿង​តូចៗ​ ដឹក​ពលរដ្ឋ​ជប៉ុន​ប្រមាណ​១៥០​នាក់​ ក្នុង​ នោះ​មាន​តំណាងរាស្ដ្រ​៨​រូប​ បាន​ទៅ​ដល់​ ប្រជុំ​កោះ​សែន​កា​គូ​ ដែល​ជប៉ុន​ហៅ​ថា​ កោះ​ដា​យូ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ខែសីហា​។​ ក្រុម​សកម្មជន​នយោបាយ​របស់​ជប៉ុន​បញ្ជាក់​ថា​ ពួក​គាត់​មក​កាន់​កោះ​នោះ​ ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ទាហាន​ជប៉ុន​ បាត់បង់​ជីវិត​នៅ​លើ​កោះ​នេះ​អំឡុង​ សង្គ្រាមលោក​លើក​ទី​២​ ។​
​តំណាងរាស្ដ្រ​១​រូប​ឈ្មោះ​ Eiji​ Kosaka​ បានឱ្យ​ដឹង​ថា​ ពួក​គាត់​បាន​ដោត​ទង់ជាតិ​ ជប៉ុន​នៅ​លើ​កោះ​នោះ​ ជា​សកម្មភាព​មួយ​ តបត​ទៅ​នឹង​សកម្មភាព​របស់​ចិន​កាល​ ពី​ថ្ងៃ​ទី​១៥​ខែសីហា​ ។​
​លោក​ Kenichi​ Kojima​ ដែល​ជា​ តំណាងរាស្ដ្រ​មាន​វត្ដមាន​ក្នុង​ក្រុម​នោះ​ បាន​បញ្ជាក់​ថា​ គោលដៅ​របស់​លោក​ ចង់​បង្ហាញ​ឱ្យ​ពិភពលោក​បានដឹង​ថា​ ប្រជុំ​កោះ​ទាំងនោះ​ជា​របស់​ជប៉ុន​ ។​
​កងកម្លាំង​ការពារ​ដែនសមុទ្រ​ជប៉ុន​ បាន​បញ្ជូន​នាវា​យាមល្បាត​ទំនើបៗ​ការ​ពារ​ក្រុម​សកម្មជន​នយោបាយ​ដែល​ធ្វើ​ ដំណើរ​ទៅ​កាន់​កោះ​នោះ​ ។​ រដ្ឋមន្ដ្រី​ ក្រសួងការបរទេស​ចិន​ប្រតិកម្ម​ភ្លាមៗ​ ទៅ​នឹង​សកម្មភាព​របស់​តំណាងរាស្ដ្រ​ ជប៉ុន​ ។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ ចិន​បាន​ប្រកាស​ថា​ “​ក្រុម​សកម្មជន​ នយោបាយ​របស់​ជប៉ុន​បាន​បំពាន​ទៅ​លើ​ អធិបតេយ្យភាព​របស់​ចិន​”​ ។​ ក្រសួង​ការ​បរទេស​ចិន​បាន​ផ្ញើ​លិខិត​ជំទាស់​ទៅ​ កាន់​រាជទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​ចិន​  ហើយ​អំពាវនាវ​មិន​ឱ្យ​មាន​សកម្មភាព​ បែប​នេះ​តទៅ​មុខ​ទៀត​ឡើយ​ ។​
​ចំណែក​រដ្ឋមន្ដ្រី​ការ​បរទេស​កោះ​តៃវ៉ាន់​ ក៏​បាន​ប្រកាស​ពី​អធិបតេយ្យភាព​របស់​ ខ្លួន​នៅ​លើ​ប្រជុំ​កោះ​នោះ​ផង​ដែរ​ ទន្ទឹម​ នឹង​នោះ​ តៃវ៉ាន់​ក៏​បាន​កោះហៅ​តំណាង​ ស្ថានទូត​ជប៉ុន​នៅ​កោះ​តៃវ៉ាន់​ ដើម្បី​ប្រឆាំង​ទៅ​នឹង​សកម្មភាព​ខាងលើ​ ។​ មន្ដ្រី​ ការ​បរទេស​កោះ​តៃវ៉ាន់​ប្រកាស​ថា​ “​សកម្មភាព​ខាងលើ​របស់​ជប៉ុន​មិន​ខុស​ អ្វី​ពី​ចាក់​សាំង​ចូល​ភ្លើង​នៅ​ក្នុង​វិវាទ​ អធិបតេយ្យភាព​ប្រជុំ​កោះ​ទាំងនោះ​”​ ។​
​ដំណើរ​ទៅ​កាន់​ប្រជុំ​កោះ​របស់​តំណាង​រាស្ដ្រ​ជប៉ុន​ កើតឡើង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ ដែល​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​បាន​បណ្ដេញ​  ពលរដ្ឋ​ចិន​១៤​នាក់​ដែល​ចូល​ទឹកដី​ជប៉ុន​ ខុសច្បាប់​ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​ ខែសីហា​ ។​
​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ខាងលើ​ នេះ​ផង​ដែរ​ ពលរដ្ឋ​ចិន​នៅ​គ្រប់​ទិស​ទី​ បាន​ដង្ហែ​ក្បួន​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​ សកម្មភាព​បណ្ដេញ​ពលរដ្ឋ​ចិន​១៤​នាក់​ ចេញពី​កោះ​ដែល​ចិន​អះអាង​ថា​ជា​អធិប​ តេ​យ្យ​របស់​ខ្លួន​នោះ​ ។​
​ពលរដ្ឋ​ប្រមាណ​២​ពាន់​នាក់​ដង្ហែ​ក្បួន​បាតុកម្ម​នៅ​តាម​បណ្ដា​ខេត្ដ​ជា​ច្រើន​ ដោយ​ស្រែក​ហ៊ោកញ្ជ្រៀវ​ពី​អធិបតេយ្យ​ភាព​របស់​ចិន​នៅ​ប្រជុំ​កោះ​ទាំងនោះ​ ហើយ​ក្រុម​បាតុករ​ក៏​បាន​ដុត​ទង់ជាតិ​ជប៉ុនទៀត​ផង​ ។​
​ក្រុម​សកម្មជន​ចិន​បាន​ផ្សព្វផ្សាយ​ តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត​ ដោយ​អំពាវនាវ​ ដល់​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ដង្ហែ​ក្បួន​បា​តុ​កម្ម​ប្រឆាំង​នឹង​ជប៉ុន​ ពិសេស​នៅ​តាម​ តំបន់​ដែល​មាន​ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​ ៕