Monday, August 20, 2012

យុវជន​ស្ម័គ្រ​ចិត្ត​សម្តេច​​តេ​ជោ​ក្រុមទី៨១ ស្រុក​កំពង់ស្វាយ ចែករំលែក​បទ​ពិសោធ​ន៍​ការសិក្សា​និង​ការងារ​ដល់​សិស្ស​ចប់​ថ្នាក់​ទី១២

កំពង់ធំ  យុវជន​ស្ម័គ្រ​ចិត្ត​សម្តេច​​តេ​ជោ ក្រុមទី៨១ ចុះ​វាស់វែង​ដីធ្លី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ រួម​ជាមួយ​សមាគមយុវជន​កម្ពុជា​ខេត្ត បាន​រៀបចំ​បទ​បង្ហាញ​ចែករំលែក​បទពិសោធន៍​ការសិក្សា និង​ការងារ​ដល់​សិស្ស​ដែល​ទើបនឹង​ប្រលង​ចប់​ថ្នាក់​ទី១២ នៅ​វិទ្យាល័យ​ហ៊ុន សែន​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១២ ជា​ថ្ងៃ​ឈប់​សំរាក ពី​ការងារ​ចុះ​ជួយ​វាស់វែង​ដីធ្លី ជូន​ប្រជាពលរដ្ឋ។
លោក កេង ថា សមាជិក​ក្រុម២២ អតីត​ប្រធាន​សមាគមនិស្សិត​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ និង​ជា​ប្រធាន​យុវជន ស្ម័គ្រ​ចិត្ត​សម្តេច​​តេ​ជោ​ក្រុមទី៨១ បាន​ធ្វើ​បទ​បង្ហាញ​ចែករំលែក​បទពិសោធន៍​ដល់​ប្អូន​ៗ​ជា​សិស្ស​ដែល​ទើប​ប្រលង​ចប់​ថ្នាក់​ទី១២ អំពី​ការ​ជ្រើសរើស​ជំនាញ ការសិក្សា​ពី​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​កុំព្យូទ័រ ភាសាបរទេស ការ​ត្រៀម​លក្ខណៈ​ក្លាយជា​និស្សិត​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ ពិសេស​ការ​ពង្រឹង​វិន័យ​អត្តចរិត​អាកប្បកិរិយា និង​សេចក្តី​ថ្លៃថ្នូរ​អោយ​សមជា​យុវជន​ប្រកបដោយ ធនធាន​ដ៏​ល្អ​សំរាប់​ប្រទេសជាតិ។ លោក កេង ថា ក៏បាន​បញ្ជាក់​បន្ថែម​ដល់​សិស្សានុសិស្ស​អោយ​ចូល​រួមការ​ងារ​ស្ម័គ្រ​ចិត្ត​ក្នុង​សង្គម ដូចជា​ការងារ​សមាគម​និស្សិត សមាគមយុវជន​កម្ពុជា យុវជន​កាកបាទក្រហម យុវជន​កាយ​រិ​ទ្ធិ៘ ត្រូវ​ចៀស អោយ​ឆ្ងាយ​ពី​គ្រឿងញៀន  ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា​ចាប់ពី​ថ្ងៃទី០១ ខែ​កញ្ញា ដល់​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ២០១៣ ខាងមុខនេះ ។
លោក ជា វ៉ាន់​ចាន់ ប្រធាន​សមាគមយុវជន​កម្ពុជា​ខេត្តកំពង់ធំ ក៏បាន​ផ្តល់​នូវ​បទពិសោធន៍​ការសិក្សា និង​ការងារ​ក្នុង​សង្គម​ផង​ដែរ ពិសេស​បាន​លើក​ឡើង​អំពី​សកម្មភាព​របស់​ស​មា​គម​យុវជន​កម្ពុជា​ក្នុង​ខេត្ត និង​ទិសដៅ​សមាគម​នៅពេល​អ​នាគ​ត។
កញ្ញា ខុន ប៉ូ​ឡែ​ន សិស្ស​ទើប​ប្រលង​ចប់​ថ្នាក់១២តំណាង​សិស្ស​ទាំង​អស់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេច​​តេ​ជោ​ស្រុក​កំពង់ស្វាយ ដែល​ឆ្លៀត​ពេលវេលា​ឈប់​សំរាក  ផ្តល់​នូវ​បទពិសោធន៍ ចំណេះ​ដឹងល្អៗ​ក្នុងការ​សិក្សា និង​ការងារ​ដល់​សិស្សានុសិស្ស​ទាំងអស់​ថែម​ទៀត។
ក្នុងពេល​នោះ​ដែរ យុវជន​ស្ម័គ្រ​ចិត្ត​សម្តេច​​តេ​ជោ​ក្រុមទី៨១ និង​សមាគមយុវជន​កម្ពុជា​ខេត្តកំពង់ធំ បាន​ដាំ​កូនឈើ​ដើម​គគីរ​ដែល​បាន​មក​ពី​រដ្ឋបាល​ព្រៃ​ឈើ ស្រុ​ក​កំពង់ស្វាយ​ទុកជា​អនុស្សាវរីយ៍​ជា​ក្នុង​វិទ្យាល័យ​ហ៊ុន សែន​ត្បែង​ផង​ដែរ៕ ប៊ុន រដ្ឋា