Monday, August 20, 2012

គណបក្ស​រាជា​និយម​ជួបពិភាក្សា​គ្នា​បង្ហាញ​ពី​ជំហរ​ឯកភាព​គ្នា​

ភ្នំពេញ ​៖ ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​នរោត្តម​ រណឫទ្ធិ ​បាន​ជួប​ពិភាក្សា​គ្នា​បង្ហាញ​ពី​ជំហរ​ឯកភាព​គ្នា​ ហើយ​ការ​ជួប​នេះ​ជា​លើកដំបូង​ហើយ​ដែល​គណបក្ស​រាជា​និយម​ទាំង​ពីរ​បាន​ជួបពិភាក្សា​គ្នា​ជា​ទ្រង់ទ្រាយ​ធំ ​បន្ទាប់ពី​ការ​បែកបាក់​ជាច្រើនលើក​ច្រើន​សា​ និង​បាន​បង្ហាញ​ពី​ជំហរ​ឯកភាព​លើ​ការ​រួម​ច្របាច់​បញ្ចូល​គ្នា​ ក្នុង​បុព្វហេតុ​ដើម្បី​រក​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣​ នា​ពេល​ខាងមុខ។
កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែសីហា ឆ្នាំ​២០១២ ថ្នាក់ដឹកនាំ​គណបក្សហ៊្វុនស៊ិនប៉ិច​និង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នរោត្តម រណឫទ្ធិ ដែល​គ្រោង​នឹង​ប្ដូរ​ឈ្មោះ (​ជាតិនិយម ) បាន​ជួបពិភាក្សា​ពី​ដំណើរការ​នៃ​ការ​រួម​សមាជិក​បញ្ចូល​គ្នា​ដែល​គ្រោង​នឹង​ធ្វើ​សមាជ​នៅ​ថ្ងៃទី​២៥​ ខែ​សីហា​ឆ្នាំ​២០១២​នេះ។ កិច្ចប្រជុំ​នោះ​ដឹកនាំ​ដោយ​លោក ​ញឹក ប៊ុនឆៃ ​ប្រធាន​ប្រតិបត្តិ​គណបក្សហ៊្វុនស៊ិនប៉ិច​និង​លោក ​សៅ​រ៉ានី​ ប្រធាន​ស្តីទី​គណបក្ស​នរោត្តមរណឫទ្ធិ​ និង​មានការ​ចូលរួម​ពី​ប្រធាន​ក្រុមការងារ ​និង​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត ​នៃ​គណបក្ស​ទាំងពីរ​បាន​ចូលរួម​ជា​ច្រើន​រូប​ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្សហ៊្វុនស៊ិនប៉ិច​ក្នុង​សង្កាត់​បាក់​ខែង​ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។​
 កិច្ចប្រជុំ​នោះ​បាន​ឯកភាព​និង​គាំទ្រ​គ្នា​ទៅវិញទៅមក ពិសេស​ទៅតាម​អ្វី​ដែល​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង្រួបបង្រួម​គ្នា​កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។ គណបក្ស​ទាំង​ពីរ​បាន​ពិភាក្សា​លំអិត​អំពី​គោល​នយោបាយ​រួម​បន្ទាប់ពី​ច្របាច់​បញ្ចូល​ជាមួយគ្នា​និង​ការរៀបចំ​ពង្រឹង​នៅ​តាម​មូលដ្ឋាន​ដោយ​ជ្រើសរើស​តាម​គោលការណ៍​សំឡេងឆ្នោត​គណបក្ស​ណា ​ដែល​មាន​សំឡេង​ច្រើន​ធ្វើជា​ប្រធាន​នៅ​ថ្នាក់​ឃុំ ស្រុក និង​ខេត្ត​។ គណបក្ស​មាន​សំឡេង​បន្ទាប់​ធ្វើជា​អនុប្រធាន នៃ​ក្រុមការងារ​គណបក្ស​រួមទាំង​បញ្ហា​សំខាន់ៗ​មួយ​ចំនួនទៀត។
 ប៉ុន្តែ​លោក ញឹក ប៊ុនឆៃ បាន​ស្នើ​ឲ្យ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ អំពី​បេក្ខភាព​ជា​ប្រធាន អនុប្រធាន ដែល​ត្រូវ​តែង​តាំងនៅ​ថ្នាក់​មូលដ្ឋាន​គប្បី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​គឺ​លទ្ធភាព​សមត្ថភាព សកម្មភាព​ការងារ ​ប្រជាប្រិយភាព​ជាមួយ​ប្រជាពលរដ្ឋ និង​ភាព​ស្មោះត្រង់ បើទោះបីជា​អ្នកនោះ​ជា​សមាជិក​ថ្មី​ក៏ដោយ​គឺ​ត្រូវតែមាន​អាទិភាព​។​
 អង្គប្រជុំ​នោះ​នូវ​បាន​បញ្ជាក់​ពី​គោលបំណង​នៃ​សមាជ​គឺ​ធ្វើឡើង​ដើម្បី​បញ្ចូល​សមាជិក​ក្រុម​ប្រឹក្សាជាតិ បន្ទាប់មក​គណៈកម្មាធិកា​រ​នាយក​និង​បញ្ចូល​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ហើយ​មាន​សមាជិក​ចូលរួម​មកពី​រាជធានី ខេត្ត ស្រុក នឹង​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ខណ្ឌ​-​ស្រុក និង​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ដែល​ទើបតែ​ជាប់ឆ្នោត​នាពេល​ថ្មីៗ​នេះ​តែប៉ុណ្ណោះ ។ សមាជិក​គ្រោង​នឹងចូលរួម​ក្នុងឱកាស​សា​មា​ជ​នោះ​ចំនួន​ប្រមាណ​១.៥០០​នាក់​តំណាង​មកពី​គណបក្ស​ទាំងពីរ​។​
 ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ និង​តំណាង​រាជធានី​-​ខេត្ត​ចូលរួម​បានបង្ហាញ​ពី​ជំហរ​រួមគ្នា​ក្រោម​ដំបូល​ហ្វ៊ុនស៊ិនប៉ិច​តែមួយ​ដើម្បី​លើកស្ទួយ​គណបក្ស​រាជានិយម​ដែលជា​ស្នា​ព្រះហស្ដ​របស់​សម្ដេចឪ សម្តេច​តា​ ព្រះបាទ​នរោត្តម សីហនុ ​ព្រះមហា​វីរក្សត្រ ​នៃ​យើង។ លោក ញឹក ប៊ុនឆៃ និង លោក សៅ រ៉ានី ប្រធាន​អង្គ​ប្រជុំ​បាន​ស្នើសុំ​ឲ្យ​សមាជិក សមាជិការ​គ្រប់​ជាន់ថ្នាក់​បំភ្លេច​ចោល​ឲ្យ​អស់​នូវ​អតីត​កាល​ ហើយ​ងាក​មក​ចាប់​ដៃ​គ្នា​ឈាន​ទៅ​រក​ហ៊្វុនស៊ិនប៉ិច​មួយ​ ដែល​មាន​ឈ្មោះ​បោះ​សម្លេង​ក្នុង​ឆាកនយោបាយ​ឡើងវិញ ហើយ​នៅ​ថ្ងៃ​ដដែល​មានការ​ទទួលទាន​អាហារ​រួមគ្នា​ផង​ដែរ៕
កោះ​កែវ​