Monday, August 20, 2012

អ្នក​សារ​ព័ត៌​មាន​តំបន់​​ភាគឦសា​ន​ទទួល​ការ​បណ្តុះ​បណ្តាល​​ការ​យក​ព័ត៌​មាន​ពី​បញ្ហា​អាកាស​ធាតុ​

ភ្នាក់ងារសារ​ព័ត៌​មាន​ទូរ​ទស្សន៍ និងវិទ្យុ ប្រចាំតំបន់ប៉ែកឦសាន​ប្រទេស ស្ថិតនៅ ក្នុងខេត្ត​ក្រចេះ ជាច្រើនរូប​ ​បាន​ទទួលការ​បណ្តុះ​បណ្តាល​លើ​ការ​យក​ព័ត៌មាន ពីបញ្ហា​ប្រែប្រួល​អាកាសធាតុ​​ ​រយៈ​ពេល២ថ្ងៃ​ចាប់ពីថ្ងៃទី១៦​ សីហា នៅ​ក្នុង​សាលប្រជុំ សណ្ឋាគារលីជឺ ។
វគ្គបណ្តុះបណ្តាល​នេះ​​បាន​រៀបចំ និង​សម្រប​សម្រួល​ពីសំណាក់ លោក មឿន​ ឈាន​ណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជា​សម្រាប់ការ​សិក្សា​​ផ្នែកសារព័ត៌មាន និងផ្តល់​មូល​និធិដោយ​បណ្តាញសារព័ត៌មានផែនដី រួម​ទាំង​​វាគ្មិន​​មកពីបណ្តាមន្ទីរ​ អង្គការ​ពាក់​ព័ន្ធ​នានា​ជុំវិញខេត្ត​មួយ​ចំនួនទៀត​ ។ វគ្គបណ្តុះបណ្តាល​ស្តី​ពីការប្រែប្រួល​អាកាស​ធាតុ​នេះ មានគុណប្រយោជន៍​សម្រាប់រូបនាង និង​អ្នកកាសែត​ ក្នុង​​ការ​​សរសេរ​អត្ថបទ​ពាក់ព័ន្ធ​​នឹង​ការប្រែប្រួសអាកាស​ធាតុនៅ​តាមតំបន់​ ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែមទៀត ខណៈ​ពេលដែល​ក្នុង​ប្រទេស​កម្ពុជា ក៏ដូច​ជា​នៅ​លើ​សាកល​លោក​កំពុង​តែមានការប្រឈម​​នឹងការ​បម្រែ​បម្រួល​ អាកាសធាតុនេះ ។
លោក ពៅ​ សាវុធ​ អ្នកគ្រប់គ្រង​វគ្គ​បណ្តុះ​បណ្តាល​មកពីវិទ្យាស្ថាន កម្ពុជា សម្រាប់ការ សិក្សា​ផ្នែកសារព័ត៌មាន បានមានប្រសាសន៍ថា ​ ការបើកវគ្គបណ្តុះបណ្តាល​នេះឡើងគឺមាន​គោលបំណងចង់ឱ្យ​អ្នក​សារព័ត៌មាន​ទទួល​បាន​ចំណេះដឹងថ្មី​ មួយ​​​ទៀត​​អំ ពី​ការបម្រែ​បម្រួ​លអា​កាស​ធាតុ​ ព្រោះកត្តានេះ ​ចាត់ទុកថា​ជា​រឿង​កង្វល់របស់ ពិភព លោក​ទាំង​មូល និងចាត់​ទុក​ថា​ជា​បញ្ហា​សំខាន់​ដែលពិភព​លោក​មាន​ការព្រួយបារម្ភ ។
លោកបានបញ្ជាក់ថា នេះជាវគ្គ​បណ្តុះ​​បណ្តាលលើកទី២​ បន្ទាប់ពីវិទ្យាស្ថាន​ធ្លាប់​បាន​​បើក​វគ្គ​​បណ្តុះ​បណ្តាល​ម្តងនៅក្នុង​ ខេត្ត​បាត់​ដំបង​ ដោយ​មាន​ការអញ្ជើញ អ្នក កាសែតក្នុង​ស្រុក​​ជាច្រើន​ស្ថាប័ន​មកចូលរួមដើម្បី​ ស្វែង​យល់ពី​ចំណេះ​ដឹងមូលដ្ឋាន​​ពាក់​ព័ន្ធទៅនឹង​ការ​ប្រែ​ប្រួល​​អាកាសធាតុ ។​