Monday, August 20, 2012

សមត្ថកិច្ច​ចម្រុះ ចុះ​ឆែកឆេរ​ទីតាំង​ដីឡូត៍​មួយកន្លែង មាន​លាក់​ប្រេង​ម្រះព្រៅ និង​ឃាត់ខ្លួនបាន ៣​នាក់​

ភ្នំពេញ: ​សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង ហោ លី​ណា លោក ប៉ែន រ័ត្ន ស្នងការរង​រាជធានី​ភ្នំពេញ អធិការ​ខណ្ឌដង្កោ បាន​សហការគ្នា ចុះ​ឆែកឆេរទីតាំង​ស្តុក​ប្រេង​ម្រះព្រៅ​មួយកន្លែង កាលពី​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១២ នៅ​ចំណុច​ដីឡូត៍មួយកន្លែង​ ស្ថិតក្នុង​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ​។​

​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មនុស្ស​បីនាក់ ដោយមាន​ទី​១- ឈ្មោះ សាយ គី អាយុ​៤២​ឆ្នាំ ជាជាង​ផ្សារ​ទ្រុង​រថយន្ត និង​ជា​ម្ចាស់​ដីឡូត៍ ទី​២- ឈ្មោះ គឿន ប៉ាង អាយុ​២៤​ឆ្នាំ ជា​កម្មករ ទី​៣- ឈ្មោះ ចាន់ រ័ត្ន អាយុ​១៦​ឆ្នាំ ជា​កម្មករ ទាំងពីរ​នាក់​នេះស្នាក់នៅ​ឃុំ​ដំណាក់​ត្រ​យឹ​ង ភូមិ​ចេក​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត​។​

​សមត្ថកិច្ច​ដកហូត​បា​នរថយន្ត​ស៊ីទែន សម្រាប់​ដឹក​ប្រេង​ម្រះព្រៅចំនួន​២​គ្រឿង មាន​ម៉ាក​ម៉ាស មួយគ្រឿង ពណ៌​ត្រេអ៊ី ចំណុះ ៥០០០ លីត្រ និង​មួយគ្រឿង​ទៀត​ម៉ាក IZUSU គ្មាន​ទ្រុង និង​មាន​ប៊ីដុង​ទទេចំនួន ១១​ប៊ីដុង មាន​ប៊ីដុងពណ៌​ស ដែលមាន​ប្រេងម្រះព្រៅ ចំនួន​២៤​លីត្រ ស៊ីទែនពណ៌​ស ចំណុះ ១៥០០​លីត្រ បង្ហូរ​អស់នៅសល់តែ ៣​លីត្រ​។​

​លោក ប៉ែន រ័ត្ន អធិការរង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ដោយ​កម្លាំង​របស់លោក​បាន​រាយ​ការណ៍​ឲ្យ​ថា មាន​រថយន្ត​ស៊ីទែន​មួយគ្រឿង ដែលមាន​ដាក់​ប្រេង​ម្រះព្រៅនៅក្នុង​តួ​រថយន្ត ហើយ​ផ្សា​រភ្ជិត មាន​កម្រាស់​២​តឹក ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​៕