Monday, August 20, 2012

ញត្តិ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​អះអាង​ថា​​សម្តេច​តេ​ជោ​ជា«វីរៈ​មហា​បុរស​រដ្ឋ​ដ៏​ឆ្នើម​របស់​កម្ពុជា»

ភ្នំពេញ ៖ វា​ជា​ញត្តិ​គាំទ្រ​ប្រកបដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដែល​បាន​ចុះហត្ថលេខា​រួមគ្នា ដោយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក អូន ព័ន្ធ មុនី​រ័ត្ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពីថ្ងៃ​ទី​១៨ សីហា ដែល​បាន​ហៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា«វីរៈ​មហា​បុរស​រដ្ឋ ដ៏​ឆ្នើម​របស់​កម្ពុជា»នោះ។
ការ​បក​ស្រាយ​ស្តីពី​​ការ​បោះ​បង្គោល​ខណ្ឌសីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ៩ សីហា ឆ្នាំ ២០១២ ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ត្រូវ​បាន​ចាត់ទុកជា​កិច្ចការ​ប្រវត្តិសាស្ត្រ​មួយ​ដែល​ធ្វើឡើង​ដោយ​ប្រមុខ​រដ្ឋាភិបាល ដែល មានការ ទទួលខុសត្រូវ​ខ្ពស់​នោះ។
ញត្តិ​គាំទ្រ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះ​អាង​ថា សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​ជា «វីរៈ​មហា​បុរស​រដ្ឋ​ដ៏​ឆ្នើម​របស់​កម្ពុជា» ដែល​ជា​និច្ចកាល​បាន​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ ហ៊ាន​ពុះពារ គ្រប់​ឧបសគ្គ មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា​ប្រទេសជាតិ និង​ប្រជាជន និង​លះបង់ អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​បុព្វហេតុ និង​ផលប្រយោជន៍​ជាតិ។សម្តេច​តេ​ជោ​មិន​ត្រឹមតែ​ជា​ប្រមុខ​ឥត​ផ្ទឹម​បាន នៃ​នីតិប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​សាស្ត្រាចារ្យ និង​ជា​គរុ​គណ​នៃ​គោល នយោបាយ​សម្រាប់​ទាំង​ប្រជាជន​ទូទៅ ទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទៀតផង។
ញត្តិ​គាំទ្រ​នោះ​និយាយ​ថា តាម​ចក្ខុវិស័យ​វែងឆ្ងាយ ​ត្រឹមត្រូវ និង​គោលនយោបាយ​ប្រាកដ និយម សកម្មភាព​ដឹកនាំ និង​ប្រតិបត្តិការ​ផ្ទាល់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មិន​គ្រាន់តែ​បាន​ដឹកនាំ​ការ តស៊ូ​ឲ្យ​ប្រទេសជាតិ​ឲ្យ​រស់​រាន​មាន​ជីវិត​​ឡើងវិញ ហើយ​បាន​កៀងគរ​ប្រជាជន​កម្ពុជា​ទាំងមូល​ចូលរួម យ៉ាង​សស្រាក់សស្រាំ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រក្សា​ការពារ​បាន​នូវ​ឯក​រាជ្យ​ភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី​ឲ្យ​គង់​វង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រក្សា​បាន​នូវ​សុខ​សន្តិភាព និង​ដឹក​នាំ​ការអភិវឌ្ឍន៍​ប្រទេសជាតិ ព្រមទាំង​ជាពិសេស ​​បង្កើត​​បាន​​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ ប្រទេសជិតខាង​ភូមិ​ផង​របង​ជាមួយ​កើត​បានជា​មនុញ្ញផល​ល្អ​សម្រាប់​តំបន់​ថែម​ទៀត​ផង។
ញត្តិ​នោះ​និយាយ​ថា យើងខ្ញុំ​ទាំងអស់គ្នា​សូម​សម្តែង​នូវ​ការគាំទ្រ​ទាំងស្រុង ចំពោះ​ប្រសាសន៍ បកស្រាយ​ដ៏​ថ្លៃថ្លា​គ្មាន​ពីរ​របស់​សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី ព្រមទាំង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដោយ មាន​សម្តេច​តេ​ជោ​ជា​វីរៈ​មហា​បុរស​រដ្ឋ​របស់​ខ្លួន​ប្រកបដោយ​បញ្ញាញាណ​វៃ​ឈ្លាស​ក្នុង​ការ​ដោះស្រាយ គ្រប់​បញ្ហា​អាយុជីវិត​ជាតិ សម្រេច​បាន​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ មានការ​សង្គ្រោះ​ប្រជាជន​ឲ្យ​រួច​ផុត​ពី របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍ ប៉ុល ពត ការ​នាំ​មក​តាមរយៈ​គោ​លប​យោ​បាយ​ឈ្នះ ឈ្នះ នូវ​សន្តិភាព​បរិបូរណ៍ និង​ឯកភាព​ទឹកដី​ជូន​ប្រទេសជាតិ ការ​កសាង និង​អភិវឌ្ឍ ហើយ​សម្រេច បាន​នូវ​វិបុលភាព ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន​ការងារ​សមធម៍ និង​ប្រសិទ្ធភាព ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី ការ​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍន៍ និង​ការលើកតម្កើង​កិត្យានុភាព​ជាតិ​ឲ្យ​កាន់តែ​ខ្ពស់​ត្រដែត​លើ​ឆាក​អន្តរជាតិ ពិសេស តាម រយៈ​តួនាទី​ជា​ប្រធាន​អាស៊ាន ឆ្នាំ ២០១២ និង​ជោគជ័យ​ជា​ភិយ្យោភាព​នៅ​ពេល​ដែល​កម្ពុជា​ក្នុងនាម ជា​ប្រធាន​អាស៊ាន​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ជាមួយ​នឹង​​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស មហាអំណាច G20 នៅ LOS CABOS នា​ខែមិថុនា ឆ្នាំ ២០១២។
            ញត្តិ​គាំទ្រ​នោះ​បាន​បញ្ជាក់​ថា ការ​បក​ស្រាយ​ស្តីពី​ការងារ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក  និង​ការកំណត់​ព្រំដែន​សមុទ្រ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ពោរពេញ​ដោយ​បញ្ញាញាណ​និង​គតិបណ្ឌិត​ដ៏​ឧត្តុង្គឧត្តម មាន​ទឡ្ហីករណ៍​ស៊ីជម្រៅ រឹងមាំ ឡូ​ហ្សិ​ក ប្រកបដោយ​វិចារវិទ្យា និង​គ្រប់​ជ្រុងជ្រោយ​លើ​គ្រប់​ទិដ្ឋភាព​ទាំង​ខាង​គតិយុត្តិ ទាំង​ខាង​បច្ចេកទេស ដោយ​ផ្អែកលើ​មូលដ្ឋាន​ប្រវត្តិសាស្ត្រ និង​ក្របខណ្ឌ​ច្បាប់ ពិតជា​បាន​ផ្តល់​នូវ​ការ​យល់​ដឹង​មាន​លក្ខណៈ ជា​សត្យានុម័ត​យ៉ាង​ច្បាស់​លាស់ និង​ត្រឹមត្រូវ​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប​ទាំង​នៅក្នុង និង​ក្រៅ​ប្រ ទេស​លើ​ការងារ​បោះបង្គោល​ខណ្ឌសីមា និង​កំណត់ព្រំដែន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ប្រទេសជិតខាង​របស់​ខ្លួន។
បទឧទ្ទេសនាម​ដ៏​ថ្លៃថ្លា​នេះ  ដែល​ជា​មេរៀន​ជា​ប្រវត្តិសាស្ត្រ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ដ៏​មាន តម្លៃ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ស្វែងយល់ និង​ដោះស្រាយ​ការកំណត់​ព្រំដែន​កម្ពុជា ហើយ​រក្សា​បាន​ទាំងស្រុង​នូវ​ផលប្រយោជន៍​ប្រកបដោយ​និ​ត្យា​នុកូលភាព​របស់​កម្ពុជា បាន​កម្ទេច​ទាំងស្រុង​នូវ​ល្បិច កល​បោក​បញ្ឆោត និង​ញុះញង់​របស់​ក្រុម​នយោបាយ​អគតិ​មួយ​ក្តាប់​តូច ដែល​តែងតែ​យក​បញ្ហា​ព្រំដែន ធ្វើជា​លេស​ក្នុង​គោលបំណង​អាក្រក់​ជួជាតិ​ចង់​កេងប្រវ័ញ្ច​ផ្នែក​នយោបាយ​របស់​ពួកគេ ដោយ​មិន​គ្រាន់ តែ​មិន​រវល់​អំពី​ផលប្រយោជន៍​ជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​នាំ​ឲ្យ​មានការ​ខូចខាត​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ទៀត​ផង៕
ស្នាយ​ពល