Monday, August 20, 2012

ប្រជុំ​ផ្សព្វផ្សាយ​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន​នៅ​ក្រុង​សួង

កំពង់ចាម ៖ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តកំពង់ចាម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹម សេងហុង ស្នង​ការ​រង​នគរបាល​ខេត្តកំពង់ចាម និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តកំពង់ចាម បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់ ផល​ប៉ះពាល់​នៃ​គ្រឿងញៀន និង​ការអនុវត្ត​ផែនការ​ប្រៀប​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន កាលពី​ព្រឹក​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ នៅ​វត្ត​រក្ស​រមនី​វន្ត(ហៅ​វត្ត​តូង)សង្កាត់-ក្រុង​សួង ខេត្ត​កំពង់ចាម ដោយមាន​ការចូលរួម​ពី​លោក​ជា សុខ​រិ​ទ្ធ អភិបាលក្រុង​សួង​និង​លោក​ស៊ីម ស៊ី​ថូ​វ ប្រធាន​ក្រុមប្រឹក្សា​ក្រុង​សួង ចូលរួម​ជា​គណៈអធិបតី ព្រមទាំង​លោក-លោកស្រី កង​កំលាំង​ប្រដាប់​អាវុធ មន្ត្រីរាជការ​ជុំវិញ​សាលាក្រុង​សួង លោកគ្រូ-អ្នកគ្រូ អាជីវក​លក់​មាស-ម្ចាស់ផ្ទះ​សំណាក់ ក្លឹប​កំសាន្ត មេឃុំ ក្រុម​ប្រឹក្សាឃុំ មេភូមិ អនុ​ភូមិ សរុប​ចំនួន២៣៥នាក់ ។
លោក​ជឹម សេងហុង បាន​មាន​មតិ​លើកឡើង​នូវ​វិធានការ ការពារ សភាពការណ៍​នានា​ដូច​ជា៖
១-គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង៩ចំណុច គ្មាន​ចោរលួច ចោរប្លន់ គ្មាន​ការប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ គ្មាន​ការ​ជួញដូរ​មនុស្ស​ឬ​ជួញដូរ​ផ្លូវភេទ គ្មាន​ការចែក​ចាយ ជួញដូរ ប្រើប្រាស់​គ្រឿងញៀន គ្មាន​ក្រុម​ក្មេង​ទំនើង គ្មាន​ល្បែងស៊ីសង និង​គ្មាន​គ្រោះថ្នាក់​ចរាចរ ។ ២-កិច្ចការពារ ប្រុងប្រយ័ត្ន​ជាយថាហេតុ​ដល់​ក្រុម​អាជីវក លក់​មាស ប្តូរ​ប្រាក់ ត្រូវ​ចេះ​ពិនិត្យមើល​ជនសង្ស័យ​ដែល​មាន​ពាក់​ម៉ាស់ ពាក់មួក​សុវត្ថិភាព ពាក់​អាវធំ​ពី​ក្រៅ(ងាយ​លាក់​អាវុធ)និង​មាន​បក្ខ​ពួកវា បញ្ឆេះ​ម៉ូតូ រថយន្ត​ចាំ​ខាងក្រៅ ។ ៣-បង្ហាញ​ពី​អត្តសញ្ញាណ អាកប្បកិរិយា​អ្នកប្រើប្រាស់​គ្រឿងញៀន ស្វែងយល់​អំពី​សំណល់​ផ្សេងៗ​(ដប​ទឹក​សុទ្ធ​មាន​ចោះ​រន្ធ​នៅ​គំរប មាន​ក្រដាស់​អា​លុយ​មី​ញូ​ម មាន​ទុយ​យោ)ដែល​ជា​​វត្ថុតាង​​បញ្ជាក់​ថា ទីនេះ​មានការ​សេព​គ្រឿងញៀន ដើម្បី​មាន​មូលដ្ឋាន​រាយ​ការណ៍​​ជូន​សមត្ថកិច្ច ឈាន​ទៅ​ការស្រាវជ្រាវ​រក​ជនសង្ស័យ​ជា​អ្នក​ប្រព្រឹត្ត ។ ៤-រួមគ្នា​ជួយ​ការពារ​កន្លែង​កើត​ហេតុ បទល្មើស​ព្រហ្ម​ទ​ណ្ឌ​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​មន្ត្រី​ជំនាញ បច្ចេកទេស​វិទ្យាសាស្ត្រ មានលទ្ធភាព​ក្នុង​ការ​ប្រមែប្រមូល​វត្ថុតាង ដើម្បី​ដាក់បន្ទុក​ដល់​ជនល្មើស ។
នៅក្នុង​ឱកាស​នោះ​ដែរ​លោក​ស្នង​ការ​រង​​ជឹម សេងហុង បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ច្បាប់​នៃ​ការ​ប្រព្រឹត្ត​​គ្រឿងញៀន​និង​ទោស​ទណ្ឌ​ផងដែរ​​។
លោក​ជា សុខ​រិ​ទ្ធ អភិបាលក្រុង​សួង​បាន​មាន​មតិ​សំណេះសំណាល​ដល់​អាជីវក​លក់​មាស ប្តូរ​ប្រាក់​ទាំងអស់ ត្រូវ​លើក​កំពស់​ស្មារតី​ប្រុងប្រយ័ត្ន និង​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ទាន់​ពេល​វេលា នៅពេល​មាន​ជនសង្ស័យ​បំរុង​ធ្វើ​សកម្មភាព​ឬ​ក្រោយពេល​ប្រព្រឹត្ត​បទល្មើស​រួច ៕
សាន វិ​ឡែ​ម