Monday, August 20, 2012

គណៈ​កម្មាធិការ​ជាតិរៀប​ចំការបោះឆ្នោត ជំរុញឲ្យស្ថាប័ន ពាក់ព័ន្ធ រួមគ្នាចាត់វិធានការ ឈ្មោះស្ទួន

នៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែសីហា ឆ្នាំ២០១២ នេះនៅគណៈកម្មាធិការជាតិ រៀបចំការ​បោះឆ្នោត បានជម្រុញ ឲ្យអង្គការជាតិ អន្តរជាតិ គណបក្សនយោបាយ និងអង្គការ​មិន​មែនរដ្ឋាភិបាល រួមគ្នាចាត់វិធានការ ពាក់ព័ន្ធទៅនឹងឈ្មោះអ្នកបោះ ឆ្នោត ស្ទួន ដើម្បីឲ្យដំ​ណើរ​ការ​បោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងពោរពេញ ដោយលទ្ធិ ប្រជាធិបតេយ្យ។
នៅក្នុងកម្មវិធីបើកវគ្គ បណ្តុះបណ្តាល ប្រធាន, អនុប្រធាន, ជំនួយការ បណ្តុះ បណ្តាល និងជំនួយសេវាកម្មច្បាប់ នៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត, តំណាង​គណបក្សនយោបាយ និងអង្គការមិនមែន រដ្ឋាភិ បាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងចុះ​ឈ្មោះបោះឆ្នោត លោកជំទាវ ស៊ីន ជុំបូ អនុប្រធានគណៈ​កម្មាធិការ​ជាតិរៀប​ចំការបោះឆ្នោត បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឲ្យដំណើរការបោះ ឆ្នោត នាពេលខាងមុខ ប្រព្រឹត្ត​ទៅល្អជាងមុនជាមិនខាន។
លោកជំទាវ បានមានប្រសាសន៍បន្តថា ពាក់ព័ន្ធនឹងចំនួនឈ្មោះអ្នកបោះឆ្នោត ប្រជា​ពល​រដ្ឋណាដែលមានសមាជិកដែលបានស្លាប់ ត្រូវទៅផ្តល់ដំណឹងដល់អាជ្ញាធរ ដើម្បីលុប​ឈ្មោះនោះ​ចេញ បុគ្គលឬអាជ្ញាធរ ពាក់ព័ន្ធត្រូវពិនិត្យឈ្មោះ ចំពោះអ្នក ដែលមានឈ្មោះស្ទួន អ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកបាត់បង់សិទ្ធិបោះឆ្នោត ដើម្បីឲ្យដំណើរ ការបោះឆ្នោតនា ពេល​ខាងមុខ មានភាពត្រឹមត្រូវប្រកបដោយតម្លាភាព។
ពាក់ព័ន្ធនឹងការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១២ខាងមុខនេះ គឺមានសារៈ​សំខាន់ ណាស់​ចំពោះអ្នកបោះឆ្នោត ដើម្បីផ្តល់ឱកាសដល់អ្នក មានសិទ្ធិបោះឆ្នោត ឲ្យពួកគេ អាចមានសិទ្ធិតវ៉ា ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង និងចំពោះអ្នកពុំមានសិទ្ធិ ប៉ុន្តែមានឈ្មោះ​ក្នុងបញ្ជី​បោះឆ្នោត។

    លោកជំទាវ មានប្រសាសន៍ថា ទីមួយយើងខំប្រឹងលុបដោយត្រឹមត្រូវ ដើម្បីធានាថា គណៈ​កម្មាធិការ​ជាតិរៀប​ចំការបោះឆ្នោត អត់ធ្វើការខ្ជីខ្ជា អត់ចេះតែលុបគេបំបាត់​សិទ្ធិ របស់​អ្នកបោះ​ឆ្នោត ស្រេចតែចិត្តនោះទេ គឺយើងលុបដោយ​សារមានឯកសារសម្អាង ហើយលុបនៅក្នុង​មួយ​ករ​ណីៗ មានសេចក្តីណែនាំរួមរវាងក្រសួងមហាផ្ទៃ និង គណៈ​កម្មាធិការ​ជាតិរៀប​ចំការបោះឆ្នោត លេខ ០២៧ ឆ្នាំ២០១០ ត្រង់ចំណុច ខ ទំព័រទី៣ គឺ មាននិយាយ​បានច្បាស់​លាស់ណាស់។ទី២ ថ្មីៗថ្នាក់ដឹកនាំរបស់ 
គណៈកម្មាធិការជាតិ រៀបចំការ​បោះឆ្នោត បានចុះ ទៅដល់ខេត្ត ដើម្បីបំផុស​អំពីការលុបឈ្មោះស្ទួន នោះចេញ ។ ទាក់ទិននឹងចំនួន ការិយាល័យ បោះឆ្នោតនាពេល​ខាងមុខ គ.ជ.ប. បានបន្ថែម ការិយាល័យ បោះឆ្នោតចំនួន ៨៣៥ការិយាល័យទៀត លើចំនួន​ចាស់​កាលពីឆ្នាំ២០១១ ដែលមានតែ១៨.១០៧ ការិយាល័យ និងចំនួនអ្នកបោះឆ្នោតមាន ៩.២០៣.៤៩៣នាក់៕