Monday, August 20, 2012

លោក​ ហ៊ុន​ ម៉ា​នី​ ចុះ​សាកសួរ​សុខទុក្ខ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​នៅ​ស្រុក​រមាស​ហែក​

​ខេត្ត​ស្វាយ​រៀ​ង ៖ ​បន្ទាប់​ពី​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក ​សមាជិការ​ សមាគមយុវជន​កម្ពុជា​ប្រចាំ​ខេត្តស្វាយរៀង​រួច​មក​ នា​រសៀល​ថ្ងៃ​ទី​១៨ ​ខែសីហា ​ឆ្នាំ​២០១២​ លោក​ ហ៊ុន​ ម៉ា​នី​  អនុប្រធាន​សមាគមយុវជន​កម្ពុជា​ និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ចុះ​សាកសួរ​សុខទុក្ខ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ​ដែល​បាន​នឹង​កំពុងធ្វើការ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​រមាស​ហែក ​។​ កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​ក្នុង​បរិ​វេណសាលា​ស្រុក​រំដួល​​ ដែល​ជាទី​កន្លែង​ក្រុម​យុវជន​បាន​និង​កំពុង​ស្នាក់​នៅ​ ដោយ​មានការ​ចូលរួម​ផង​ដែរ​ពី​សំណាក់​លោក​ ឌី​ វិជ្ជា​ និង​លោក​​ ឡាវ​ វ៉ា​ន់​ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​។​
​លោក​ ឡាវ​ វ៉ា​ន់​ ប្រធាន​សមាគមយុវជន​កម្ពុជា​ស្រុក​រមាស​ហែក​ បាន​បញ្ជាក់​ថា​ អស់​រយៈពេល​២​ឆ្នាំ​ ក្រោម​ការ​យកចិត្តទុកដាក់​ចង្អុលបង្ហាញ​ពី​លោក ​ឌី​ វិជ្ជា​ សមាគម​យុ​ជន​កម្ពុជា​ស្រុក​រមាស​ហែក​ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការងារ​សង្គម​ជា​ច្រើន ​ដូច​ជា​ការ​ចុះ​ជួយ​ដក​ស្ទូង​ ការ​ជួយ​សង្គ្រោះ​ពេល​មាន​គ្រោះអាសន្ន​ ការ​ជួយ​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹមសត្វ​ ការ​ធ្វើ​កសិកម្ម​ ការ​ដឹកនាំ​ចូលរួម​សកម្មភាព​កីឡា​ សកម្មភាព​ឃោសនាបោះឆ្នោត​ និង​សកម្មភាព​សង្គម​ជា​ច្រើន​ទៀត​ ជា​ពិសេស​ការ​ចូលរួម​គាំទ្រ​ និង​ស្ម័គ្រចិត្ត​ក្នុង​ការងារ​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ជាដើម​ ។​
​​កញ្ញា ​ប្រាក់​ ចន្ទ​ថា​ យុវនារី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​  និង​ជា​ប្រធាន​សមាគម​យុវជន​​ប្រចាំ​ស្រុក​រមាស​ហែក​ បាន​បញ្ជាក់​ថា​ ក្រុម​យុវជន​ស្ម័គ្រចិត្ត​ទាំង​៣៦​នាក់​​ ចែក​ចេញ​ជា​៣​ក្រុម ​បាន​ចុះ​​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ ចាប់តាំងពី​ថ្ងៃ​ទី​១៣ ​ខែកក្កដា​ ឆ្នាំ​២០១២​ ដែល​រហូត​មក​ដល់​ពេល​នេះ​ក្រុមការងា​សម្រេច​នូវ​លទ្ធផល​ជា​ច្រើន ​រួម​មាន ការ​សហការ​ជាមួយ​គណៈកម្មការ​វាស់វែង​ដីធ្លី​​ ដើម្បី​ធ្វើការ​កំណត់​ព្រំប្រទល់​ឃុំ​ ។​ ក្នុង​នោះ​ផង​ដែរ​​ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ​ខែសីហា​ ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្តបាន​បំពេញការងារ​សំខាន់​មួយ​ចំនួន​ ដូច​ជា​ការ​ប្រកាស​តំបន់​វិ​និ​ច្ឆ័យ​បាន​៣ឃុំ​ កំណត់​ព្រំ​តំបន់​បាន​៣៩៨​បង្គោល​ បំពេញ​សាលា​កប​ត្រ​១៣០៩​​ ស្មើ​នឹង​៩០៤​គ្រួសារ​ វាស់វែង​ក្បាលដី​បាន​១.១១៨​ក្បាលដី​  គូស​ក្បាលដី​បាន​៩៨៣​ក្បាលដី​ស្មើនឹង​៧៩៩,០២​ហិ​កតា​​ គូស​ផែនទី​បាន​ចំនួន​៥​ផ្ទាំង ​ស្មើនឹង​៩២២,៦៧​ហិ​កតា​ ។​ កញ្ញា​បញ្ជាក់​ដែរ​ថា​ បញ្ហា​សុខភាព​ ទីកន្លែង​ស្នាក់​នៅ​ និង​អាហារ​ប្រចាំ​ថ្ងៃ​មិន​មាន​អ្វី​ជា​បញ្ហា​ប្រឈម​ទេ​ ដោយសារ​មានការ​យកចិត្តទុកដាក់​ពី​ប្រជាពលរដ្ឋ​ អាជ្ញាធរ​មូលដ្ឋាន​ ពិសេស​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ដែល​លោក​ទាំង​ពីរ​តែងតែ​យកចិត្តទុកដាក់​គិតគូ​ជា​និច្ច​អំពី​សុខទុក្ខ​របស់​យុវជន​ស្ម័គ្រចិត្ត​។​ កញ្ញា​បញ្ជាក់​ដែរ​ថា​ ទាំង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ និង​សមាជិក​សមាគមយុវជន​កម្ពុជា​សុទ្ធតែ​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋាភិបាល ​ក្នុង​ដាក់​ចេញ​ជា​យុទ្ធសាស្ត្រ​ទាំង​អស់នេះ ​ដែល​ជា​សកម្មភាព​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពលរដ្ឋ​ និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​ឈាន​ឆ្ពោះទៅ​មុខ​ ។​
​លោក​ ហ៊ុន​ ម៉ា​នី​ អនុប្រធាន​សមាគមយុវជន​កម្ពុជា​ និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ ក៏​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ទឹកចិត្ត​អង់អាច​ក្លាហាន​ និង​ស្ម័គ្រចិត្ត​បំពេញការងារ​ជូន​ប្រទេស​ជាតិ​ ដោយ​មិន​គិតការ​នឿយហត់​ ។​ លោក​បាន​ចាត់​ទុក​ថា​ វា​គឺជា​ការ​បំពេញភារកិច្ច​ដ៏​ធំ​សម្រាប់​សង្គម​ជាតិ​ ដែល​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យុវជន​ដទៃ ហើយ​វា​ក៏​ជា​ឱកាស​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ ទទួល​បាន​បទ​ពិសោធន៍​បំ​ណិ​ន​ជីវិត​កាន់តែ​ច្រើន ​។​ លោក​មានប្រសាសន៍ថា​ ក្រោយ​ការ​បញ្ចប់សង្គ្រាម​ យុវជន​មិន​បាន​កាន់​កាំភ្លើង​ដើម្បី​ប្រយុទ្ធ​ទេ​ ប៉ុន្តែ​ពួក​គេ​បាន​ជំនួស​ដោយ​ការ​កាន់​ប៊ិ​ច​ សៀវភៅ​ដើម្បី​សិក្សា​ និង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ឲ្យ​មានការ​រី​ចម្រើន​។​ ទន្ទឹម​គ្នា​នេះ​លោក​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាក់​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​លោក​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​សុខទុក្ខ​ចំពោះ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ទាំងអស់​​ ។​ លោក​ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​យុវជន​ទាំងអស់​បន្ត​ព្យាយាម​បំពេញភារកិច្ច​ បង្កើន​សាមគ្គីភាព​ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​ជាមួយ​រដ្ឋាភិបាល​ ។​ ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​ប្រគល់​ជូន​ដល់​យុវជន​ស័​គ្រ​ចិត្ត​នូវ​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ​  និង​ថវិកា​មួយ​ចំនួន​ដល់​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ផង​ដែរ​៕​