Monday, August 20, 2012

លោក​ឧកញ៉ា​អ៊ឹម​ប្រុស​នាំ​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ដ​សុវណ្ណ​គី​រី​​ភូមិ​ជៀស​II​ឃុំ​ថ្ម​ពេជ្រ​ស្រុក​ត្បូងឃ្មុំ​

​ខេត្ដកំពង់ចាម​ ៖​  នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១២​  លោក​ឧកញ៉ា​ អ៊ឹម ​ប្រុស​ អនុប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ខេត្ដកំពង់ចាម​ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ​ហ៊ុន ​ណេ​ង ​អភិបាលខេត្ដ​កំពង់ចាម​ បាន​នាំ​យក​អំណោយ​ជា​ទេយ្យទាន​ មាន​ទៀន​ព្រះ​វស្សា​ អង្ករ​ ប្រេង​ម៉ា​ស៊ូត​ ​ភេសជ្ជៈ​ ថវិកា​​ ទៅ​ប្រគេន​និង​ជូន​ដល់​ចាស់ព្រឹទ្ធាចារ្យ ​និង​ប្រជាពលរដ្ឋ​ សរុប​ជា​ទឹកប្រាក់​៣៦​លាន​រៀល ​ជូន​ដល់​វត្ដ​សុវណ្ណ​គី​រី​ ភូមិ​ជៀស​II​ឃុំ​ថ្ម​ពេជ្រ ​ស្រុក​ត្បូងឃ្មុំ​ ។​ អំណោយ​លើក​នេះ​ជា​លើក​ទី​៥​ហើយ​ក្នុង​រដូវ​ពេល​ចូល​ព្រះ​វស្សា​ឆ្នាំរោង​ ចត្វា​ស័ក​ ព​.​ស​២៥៥៦​ ។​
​លោក​ឧកញ៉ា​ អ៊ឹម​ ប្រុស​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​ការ​ដង្ហែ​ទៀន​ព្រះ​វស្សា ​និង​ទេយ្យវត្ថុ​ថ្ងៃនេះ​ហួស​ថ្ងៃ​កំណត់​នៃ​បុណ្យ​ចូល​ព្រះ​វស្សា​  អាស្រ័យ​ដោយ​លោក​ឧកញ៉ា​បាន​ទិញ​ទេយ្យវត្ថុ​រួចរាល់​ហើយ​ តែ​ដោយ​ជាប់​បេសកកម្ម​មនុស្សធម៌​នៅ​បរទេស ​ទើប​លោក​ឧកញ៉ា​សម្រេច​យក​ថ្ងៃ​ទី​១៩​ ខែ​ សីហា​ ឆ្នាំ​២០១២​នេះ​ ប្រគេន​ព្រះសង្ឃ​នៅ​វត្ដ​សុវណ្ណ​គី​រី​ ។​
លោក​ឧកញ៉ា​បានឱ្យ​ដឹង​ទៀត​ថា ​ពី​មុន​មក​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ដ​សុវណ្ណ​គី​រី​នេះ​ មានការ​បែងចែក​បក្ខពួក​មិន​ចុះសម្រុង​នឹង​គ្នា ​ធ្វើ​ឱ្យ​សមិទ្ធផល​ក្នុង​វត្ដ​ពុំ​មានការ​រីក​ចម្រើន​ លុះ​ពេល​ដំណឹង​ដឹង​ដល់​លោក​ឧកញ៉ា​បាន​ខិតខំ​សម្រុះសម្រួល ​ដោយ​លោក​ឧកញ៉ា​បាន​បរិច្ចាគ​ថវិកា​កសាង​សមិទ្ធផល​ជា​ច្រើន ​ហើយ​ប្រមូលផ្ដុំ​ពុទ្ធ​បរិស័ទ​ឱ្យ​សាមគ្គី​គ្នា​គោរព​ព្រះពុទ្ធ​សាសនា​តែ​មួយ​ឡើង​វិញ​។​ លោក​ឧកញ៉ា ​អ៊ឹម ​ប្រុស ​មាន​ប្រសាសន៍​ក្នុង​ពិធីបុណ្យ​ថា​ “​ ការ​រួមចំណែក​អភិវឌ្ឍន៍​ព្រះពុទ្ធ​សាសនា​លុះត្រាតែ​មានការ​រួបរួមសាមគ្គី​ដូច​ទូក​និង​ទឹក​ បើ​មាន​ទូក​ខ្វះ​ទឹក​ក៏​មិន​អាច​ចរាចរណ៍​បាន​ដែរ​ យ៉ាងណាមិញ​ វិស័យ​ព្រះពុទ្ធ​សាសនា​មុន​ឆ្នាំ​១៩៧៩​ របប​ប្រល័យពូជសាសន៍​បំផ្លិចបំផ្លាញ​ ស្ទើរតែ​រលាយ​អស់​ទៅ​ហើយ ​ទើបតែ​ក្រោយ​ថ្ងៃ​រំដោះ​ ៧​មក​រា​ ១៩៧៩​ មាន​គណបក្ស​ប្រជាជន​ ដឹកនាំ​ដោយ​សម្ដេច​ទាំង​៣​ ពិសេស​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ និង​ស្មោះត្រង់​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​ស្ដារ​អភិវឌ្ឍ​ឡើង​វិញ​ពី​បាតដៃ​ទទេ​ រហូត​ដល់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់​ ស្ពាន​ សាលារៀន​វត្ដ​អារាម​មន្ទីរពេទ្យ​ ប្រព័ន្ធ​ប្រឡាយ​ទឹក​ អគ្គិសនី​គ្រប់​បែប​យ៉ាងដូច​សព្វថ្ងៃ​ ដែល​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​មានការ​រីក​ចម្រើន​ឆាប់រហ័ស​នឹក​ស្មាន​មិន​ដល់​ ដូច្នេះ​ហើយ​យើង​ជា​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់​ ព្រះពុទ្ធ​សាសនា​​ ត្រូវ​ចូលរួម​ចំណែក​កសាង​ អភិវឌ្ឍ​បន្ដ​ទៀត​ជាមួយ​រាជរដ្ឋាភិបាល​ ហើយ​មិន​ត្រូវ​ភ្លេចគុណ​បំណាច់​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឡើយ​ ៕